ព្រះត្រៃបិដក ភាគ ៦៥
មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញាដោយសញ្ញាវិបល្លាសទេ មិនមែនបុគ្គលមិនមានសញ្ញាទេ មិនមែនបុគ្គលមានសញ្ញាវិនាសទេ បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស ព្រោះថា បបញ្ចសង្ខា មានសញ្ញាជាហេតុ។
[១៨៧] (ព្រះពុទ្ធនិមិ្មតសួរថា) យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គ ប្រាប់សេចក្តីនោះ សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ ឬក៏ពោលសេចក្តីបរិសុទ្ធដទៃ អំពីហេតុនេះ។
[១៨៨] ពាក្យថា យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ គឺយើងខ្ញុំបានសួរ បានអង្វរ បានអារាធនា បានជ្រះថ្លានូវហេតុណា។ ពាក្យថា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ គឺព្រះអង្គបានសំដែង សំដែងទួទៅ ប្រាប់ ទេសនា បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយ ហេតុនោះ (ទ្រង់ត្រាស់សួរថា) យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ។
ID: 637351097970314884
ទៅកាន់ទំព័រ៖