ព្រះត្រៃបិដក ភាគ ៦៥
[៣] ពាក្យថា (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ អធិប្បាយថា (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនេះដ៏ពេញដោយមូត្រ ពេញដោយករីស ពេញដោយស្លេស្ម ពេញដោយឈាម មានរាងឆ្អឹង រឹតរួតដោយសរសៃ លាបដោយឈាម និងសាច់ ពាសដោយស្បែក បិទបាំងដោយសម្បុរថ្ងៃ មានប្រហោងតូច ប្រហោងធំ តែងហូរចេញ ហូរចូល ជាលំនៅនៃពួកដង្កូវ ដ៏ពេញដោយមន្ទិលមិនស្អាតផ្សេងៗ ដូចម្តេចបាន តថាគតមិនត្រូវការដើម្បីជាន់ដោយជើងឡើយ ការនៅរួម ឬការសមាគម មានមកពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ។ ហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ហើយថា
ID: 637350211506165612
ទៅកាន់ទំព័រ៖