ព្រះត្រៃបិដក ភាគ ៦៥

 [២២​]ពាក្យ​ថា​ អ្នកប្រាជ្ញ​មិន​ពោល​នូវ​សេចក្តី​បរិ​សុទ្ធិ​ ព្រោះ​សីល​ និង​វត្ត​ទេ​ សេចក្តី​ថា​ អ្នកប្រាជ្ញ​មិន​ពោល​ គឺ​មិន​ថ្លែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ពន្យល់​ នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ សូម្បី​ដោយ​សីល​ទេ​ នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ សូម្បី​ដោយ​វត្ត​ទេ នូវ​សេចក្តី​ស្អាត ស្អាត​វិសេស សេចក្តី​បរិសុទ្ធិ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ សូម្បី​ដោយ​សីល និង​វត្ត​ទេ​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) អ្នកប្រាជ្ញ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​សីល និង​វត្ត​ទេ។
 [២៣​] ពាក្យ​ថា​ ទាំង​មិន (ពោល​នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​ការ​មិនឃើញ​ ព្រោះ​ការ​មិន​ឮ ព្រោះ​ការ​មិនដឹង​ ព្រោះ​មិន​មាន​សីល​ ព្រោះ​មិន​មាន​វត្ត​នោះ​ទេ​ សេចក្តី​ថា​ ព្រះអង្គ​ពោល​យ៉ាងនេះ​ថា​ ទិ​ដ្ឋិ​ដែល​គួរ​ប្រាថ្នា​ក៏​មាន​ ព្រះអង្គ​ពោល​យ៉ាងនេះ​ថា​ ការ​ស្តាប់​ដែល​គួរ​ប្រាថ្នា​ក៏​មាន ព្រះអង្គ​ពោល​យ៉ាងនេះ​ថា ការ​ដឹង​ដែល​គួរ​ប្រាថ្នា​ក៏​មាន​ ព្រះអង្គ​ពោល​យ៉ាងនេះ​ថា​ សីល​ដែល​គួរ​ប្រាថ្នា​ក៏​មាន​ ព្រះអង្គ​ពោល​យ៉ាងនេះ​ថា​ វត្ត​ដែល​គួរ​ប្រាថ្នា​ក៏​មាន​ ព្រះអង្គ​មិន​អាច​ដើម្បី​យល់តាម​ដោយ​ដាច់ខាត​ ព្រះអង្គ​មិន​អាច​ដើម្បី​បដិសេធ​ដោយ​ដាច់ខាត​ ហេតុ​នោះ​ (ព្រាហ្មណ៍​ពោល​ថា​) ទាំង​មិន (ពោល​នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​ការ​មិនឃើញ​ ព្រោះ​ការ​មិន​ឮ ព្រោះ​ការ​មិនដឹង​ ព្រោះ​មិន​មាន​សីល​ ព្រោះ​មិន​មាន​វត្ត​នោះ​ទេ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637350223289265618
ទៅកាន់ទំព័រ៖