ព្រះត្រៃបិដក ភាគ ៦៥
[១៩៥] មុនិ ជាអ្នកមានប្រាជ្ញា ជាធីរៈនោះ ដឹងនូវពួកជនទាំងនុ៎ះថា ជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង ដឹងនូវនិស្ស័យទាំងឡាយផង លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ មិនអន្ទោលទៅក្នុងភពតូចភពធំ។
[១៩៦] ពាក្យថា ដឹងនូវពួកជនទាំងនុ៎ះ ថាជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង ត្រង់ពាក្យថា ពួកជនទាំងនុ៎ះ គឺបុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា ជាអ្នកអាស្រ័យ គឺដឹងថា ជាអ្នកអាស្រ័យសស្សតទិដ្ឋិ ដឹងថាជាអ្នកអាស្រ័យឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា ជាអ្នកអាស្រ័យសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវពួកជនទាំងនុ៎ះថា ជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង។
[១៩៧] ពាក្យថា មុនិ ជាអ្នកមានប្រាជ្ញានោះ ដឹងនូវនិស្ស័យទាំងឡាយ ត្រង់ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវបណ្តាញ ជាគ្រឿងជាប់ចំពាក់។ មុនិដឹងថា បុគ្គលនេះ អាស្រ័យសស្សតទិដ្ឋិ ដឹងថា បុគ្គលនេះ អាស្រ័យឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាដកថា បុគ្គលនេះ អាស្រ័យសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ។
ID: 637351653022435089
ទៅកាន់ទំព័រ៖