ព្រះត្រៃបិដក ភាគ ៦៥
ចូឡវិយូហសុត្តនិទ្ទេស ទី១២
[២០០] (ព្រះពុទ្ធនិមិ្មតសួរថា) ជនទាំងឡាយ ប្រកាន់ថា ខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។
[២០១] ពាក្យថា ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ អធិប្បាយថា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់យក រៀនយក ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ពួកអ្នកមានផ្ទះក្តី រមែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ ពួកអ្នកប្រកបដោយកិលេសក្តី រមែងនៅក្នុងកិលេស យ៉ាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ទាំង ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ។
ID: 637351654637957962
ទៅកាន់ទំព័រ៖