ព្រះត្រៃបិដក ភាគ ៦៥

 [២០៦​] ពាក្យ​ថា​ ជន​ទាំងឡាយ​ ប្រកាន់​យ៉ាងនេះ​ហើយ​ រមែង​ទាស់ទែងគ្នា​ សេចក្តី​ថា​ ជន​ទាំងឡាយ​ កាន់​យក​ រៀន​យក​ ប្រកាន់យក​ បបោសអង្អែល​ ជាប់ចិត្ត​ យ៉ាងនេះ​ហើយ​ រមែង​ទាស់ទែងគ្នា​ គឺ​ធ្វើ​នូវ​ជម្លោះ​ ធ្វើ​នូវ​សេចក្តី​ប្រកួត​ប្រកាន់​ ធ្វើ​នូវ​សេចក្តី​ប្រកាន់​ខុស​ ធ្វើ​នូវ​វិវាទ​ ធ្វើ​នូវ​ការ​ប្រណាំងប្រជែង​ថា​ អ្នក​មិន​ចេះ​ធម៌​វិន័យ​នេះ​ទេ​។បេ។ ឬបើ​អ្នក​អាច​ អ្នក​ចូរ​ដោះស្រាយ​ឲ្យ​រួច​ចុះ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងឡាយ​ ប្រកាន់​យ៉ាងនេះ​ហើយ​ រមែង​ទាស់ទែងគ្នា​។
 [២០៧​] ពាក្យ​ថា​ ទាំង​ពោល​ថា​ ជា​មនុស្ស​ពាល​ ទន់ទាប​ មិន​ឈ្លាសវៃ​ គឺ​បាន​ពោល​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ ពន្យល់​យ៉ាងនេះ​ អធិប្បាយ​យ៉ាងនេះ​ថា​ បុគ្គល​នេះ​ ជា​មនុស្ស​ទន់ទាប​ ជា​បុគ្គល​ពាល​ ថោកទាប​ ថោកថយ​ អ័​ប្ប​ឱន​ លាមក​ គម្រក់​ ជា​មនុស្ស​កម្ទេចកម្ទី​ មិន​ឈ្លាស​ មិន​យល់​ ជា​អ្នក​លុះ​ក្នុង​អំណាច​អវិជ្ជា​ ជា​បុគ្គល​មិន​មាន​ញាណ​ មិន​មានការ​ពិចារណា​ដោយ​ញាណ​ អ័​ប្ប​ឥត​ប្រាជ្ញា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ទាំង​ពោល​ថា​ ជា​មនុស្ស​ពាល​ ទន់ទាប​ មិន​ឈ្លាសវៃ​។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637351655951098091
ទៅកាន់ទំព័រ៖