ព្រះត្រៃបិដក ភាគ ៦៥

មាន​បញ្ញា​ប្រសើរ​វិសេស​ មាន​បញ្ញា​ជា​ប្រធាន​ មាន​បញ្ញា​ដ៏​ឧត្តម​ មាន​បញ្ញា​ដ៏បវរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បណ្តា​បុគ្គល​ទាំងនោះ​ បុគ្គល​ណាមួយ​ មាន​បញ្ញា​ទន់​អន់​ ឥតមាន​ទេ​។
 [២១៩​] ពាក្យ​ថា​ ព្រោះថា​ ជន​ទាំងនោះ​ បាន​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ហើយ​ គឺ​សមណ​ព្រាហ្មណ៍​ទាំងនោះ​ បាន​ប្រកាន់​ សមា​ទាន កាន់​យក បបោសអង្អែល ជាប់ចិត្ត ជក់ចិត្ត ចុះចិត្តស៊ប់ ដោយ​ប្រការ​ដូច្នោះ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះថា ជន​ទាំងនោះ បាន​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ហើយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ប្រសិនបើ​បុគ្គល​ទាំងឡាយ ជា​អ្នកមាន​បញ្ញា​ឈ្លាសវៃ មាន​បញ្ញា​បរិសុទ្ធ​ល្អ​ មាន​ញាណ​ដ៏​ផូរផង់ ដោយ​ទិដ្ឋិ​របស់​ខ្លួន បណ្តា​បុគ្គល​ទាំងឡាយ​នោះ បុគ្គល​ណាមួយ មាន​បញ្ញា​ទន់​អន់​ ឥតមាន​ទេ ព្រោះថា ជន​ទាំងនោះ បាន​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ហើយ។
[២២០​] សមណព្រាហ្មណ៍​ទាំងឡាយ​ ជា​គូៗ​ បាន​ពោល​នូវ​គ្នានឹងគ្នា​ថា​ពាល​ ព្រោះ​ទិដ្ឋិ​ណា​ តថាគត​មិន​ពោល​នូវ​ទិដ្ឋិ​នុ៎ះ​ថា​ពិត​ទេ​ បុគ្គល​ទាំងឡាយ​បាន​ធ្វើ​នូវ​ទិដ្ឋិ​របស់​ខ្លួន​ ៗ ថា​ពិត​ ព្រោះហេតុនោះ​ បាន​ជា​ជន​ទាំងឡាយ​តែង​យល់​នូវ​បុគ្គល​ដទៃ​ថា​ពាល​។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637351658640824447
ទៅកាន់ទំព័រ៖