ព្រះត្រៃបិដក ភាគ ៦៥

 [២២១​] អធិប្បាយ​ពាក្យ​ថា​ តថាគត​មិន​ពោល​នូវ​ទិដ្ឋិ​នុ៎ះ​ថា​ពិត​ទេ​ ត្រង់​ពាក្យ​ថា​ មិន​ គឺ​ជា​ពាក្យ​ហាមឃាត់​។ ពាក្យ​ថា​ ទិដ្ឋិ​នុ៎ះ​ គឺ​ទិដ្ឋិ​ ៦២​ សេចក្តី​ថា​ តថាគត​ មិន​ពោល​ មិន​ប្រាប់​ មិន​សំដែង​ មិន​បញ្ញត្ត​ មិន​តាំង​ទុក​ មិន​បើក​ មិន​វែកញែក​ មិន​ធ្វើឲ្យ​ងាយ​ មិន​ប្រកាស​ នូវ​ទិដ្ឋិ​នុ៎ះ​ថា​ពិត​ ថា​មែន​ ថា​ប្រាកដ​ ថា​ត្រូវ​ ថា​មិន​វិបរិត​ ដូច្នេះ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត​ មិន​ពោល​នូវ​ទិដ្ឋិ​នុ៎ះ​ថា​ពិត​ទេ​។
 [២២២​] ពាក្យ​ថា សមណព្រាហ្មណ៍​ទាំងឡាយ​ ជា​គូៗ បាន​ពោល​នូវ​គ្នានឹងគ្នា​ថា​ (ពាល​) ព្រោះ​ទិដ្ឋិ​ណា ត្រង់​ពាក្យ​ថា ជា​គូៗ បាន​សេចក្តី​ថា ជន​ពីរ​នាក់​ គឺ​អ្នកធ្វើ​ជម្លោះ​ពីរ​នាក់ អ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ពីរ​នាក់ អ្នកធ្វើ​តិរច្ឆានកថា​ពីរ​នាក់​ អ្នកធ្វើ​វិវាទ​ពីរ​នាក់ អ្នកធ្វើ​អធិករណ៍​ពីរ​នាក់ អ្នក​ជជែក​ពីរ​នាក់ អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ពីរ​នាក់។ ជន​ទាំងនោះ ពោល​យ៉ាងនេះ ថ្លែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះ​ នូវ​គ្នានឹងគ្នា​ថា ពាល ថោកទាប សាបសូន្យ ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សមណព្រាហ្មណ៍​ទាំងឡាយ​ ជាគូ ៗ បាន​ពោល​នូវ​គ្នានឹងគ្នា​ថា ពាល ព្រោះ​ទិដ្ឋិ​ណា។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637351659037438243
ទៅកាន់ទំព័រ៖