ព្រះត្រៃបិដក ភាគ ៦៥
សមណព្រាហ្មណ៍ពួកខ្លះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះ នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនោះឯងថា នេះជាពាក្យទទេ នេះជាពាក្យកុហក នេះជាពាក្យមិនពិត នេះជាពាក្យមិនមែន នេះជាពាក្យមិនត្រូវ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ។
[២២៨] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា សេចក្តីថា សមណព្រាហ្មណ៍ទាំងឡាយ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្តយ៉ាងនេះហើយ រមែងជជែកគ្នា គឺធ្វើនូវជំលោះ ធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវសេចក្តីប្រកាន់ខុស ធ្វើនូវវិវាទ ធ្វើនូវការប្រណាំងប្រជែងថា អ្នកមិនចេះធម៌វិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះស្រាយឲ្យរួចចុះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា។
[២២៩] ពាក្យថា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ សេចក្តីថា ព្រោះហេតុដូចម្តេច ព្រោះដំណើរដូចម្តេច ព្រោះហេតុអ្វី ព្រោះបច្ច័យអ្វី ព្រោះនិទានដូចម្តេច ព្រោះកិរិយាកើតឡើងដូចម្តេច ព្រោះកំណើតដូចម្តេច
ID: 637351660473719441
ទៅកាន់ទំព័រ៖