ព្រះត្រៃបិដក ភាគ ៦៥

ប្រសិនបើ​អ្នកប្រាជ្ញ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ការ​ឃើញ​ទេ​ ព្រោះ​ការ​ឮទេ​ ព្រោះ​ការ​ដឹង​ទេ​ ព្រោះ​សីល និង​វត្ត​ទេ​ ទាំង​មិន (ពោល​នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​ការ​មិនឃើញ​ ព្រោះ​ការ​មិនឮ​ ព្រោះ​ការ​មិនដឹង​ ព្រោះ​មិន​មាន​សីល​ ព្រោះ​មិន​មាន​វត្ត​នោះ​ទេ​ ខ្ញុំ​ព្រះអង្គ​សំគាល់​ធម៌ (របស់​ព្រះអង្គ ថា​ជា​ធម៌​) នាំ​សត្វ​ឲ្យ​វង្វេង​ជ្រប់​ សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជឿ​សេចក្តី​បរិសុទ្ធិ​ព្រោះ​ទិដ្ឋិ។
[២៦​] (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​ ម្នាល​មា​គន្ទិយៈ​) អ្នក​អាស្រ័យ​ទិដ្ឋិ​ទាំងឡាយ​ហើយ​ ទើប​សួរ​រឿយ​ៗ អ្នក​ដល់​នូវ​សេចក្តី​ភ័ន្តច្រឡំ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ដែល​ប្រកាន់​ហើយ​ មិនបាន​ឃើញ​សញ្ញា​សូម្បី​តិចតួច​ អំពី​ធម៌​នេះ​ ហេតុ​នោះ ទើប​អ្នក​យល់ថា​ ជា​ធម៌​នាំឲ្យ​សត្វ​វង្វេង​ជ្រប់។

 [២៧​] ពាក្យ​ថា អ្នក​អាស្រ័យ​ទិដ្ឋិ​ទាំងឡាយ​ហើយ​ ទើប​សួរ​រឿយ​ៗ សេចក្តី​ថា​ មា​គន្ទិយ​ព្រាហ្មណ៍ អាស្រ័យ​ទិដ្ឋិ​ ហើយ​សួរ​ទិដ្ឋិ​ អាស្រ័យ​ការ​ជាប់​ចំពាក់​ ហើយ​សួរ​ការ​ជាប់​ចំពាក់​ អាស្រ័យ​ចំណង​ ហើយ​សួរ​ចំណង​ អាស្រ័យ​បលិពោធ​ ហើយ​សួរ​បលិពោធ។ ពាក្យ​ថា​ សួរ​រឿយ​ៗ គឺ​សួរ​ញឹកញយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​អាស្រ័យ​ទិដ្ឋិ​ទាំងឡាយ​ហើយ​ ទើប​សួរ​រឿយ​ៗ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637350224944950796
ទៅកាន់ទំព័រ៖