ព្រះត្រៃបិដក ភាគ ៦៥

 [២៣១​] ពាក្យ​ថា​ សច្ចៈ​ (នោះ​) មានតែ​មួយ​ មិន​មាន​ជា​គំរប់​ពីរ​ទេ​ អធិប្បាយ​ថា​ ទុក្ខនិរោធ​និព្វាន​ លោក​ហៅថា​ សច្ចៈ​មួយ​ បានខាង​សេចក្តី​រម្ងាប់​សង្ខារ​ទាំងពួង​ កិរិយា​រលាស់​ឧបធិ​ទាំងពួង​ កិរិយា​អស់​តណ្ហា​ ការប្រាសចាក​តម្រេក​ កិរិយា​រលត់​ ព្រះនិព្វាន​។ ឬថា ដែល​ហៅថា​ សច្ចៈ​មួយ​ សំដៅយក​មគ្គ​សច្ចៈ​ និយ្យាន​សច្ចៈ​ ទុក្ខនិរោធ​គាមិនី​បដិបទា​ មគ្គ​មាន​អង្គ​ ៨ ដ៏​ប្រសើរ​ គឺ​សេចក្តី​យល់​ត្រូវ​ ១ សេចក្តី​ត្រិះរិះ​ត្រូវ​ ១ វាចា​ត្រូវ​ ១ ការងារ​ត្រូវ​ ១ ការ​ចិញ្ចឹមជីវិត​ត្រូវ​ ១ ការ​ព្យាយាម​ត្រូវ​ ១ សេចក្តី​រឭក​ត្រូវ​ ១ កា​រតំ​កល់​ចិត្ត​ត្រូវ​ ១ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សច្ចៈ​នោះ​ មានតែ​មួយ​ មិន​មាន​ជា​គំរប់​ពីរ​ទេ​។
 [២៣២​] ពាក្យ​ថា​ សត្វ​ដឹង​ច្បាស់​នូវ​សច្ចៈ​ណា​ មិន​គប្បី​ទាស់ទែងគ្នា​ ត្រង់​ពាក្យ​ថា​ ណា​ គឺ​នូវ​សច្ចៈ​ណា​។ ពាក្យ​ថា​ សត្វ​ គឺជា​ឈ្មោះ​របស់​សត្វ​។ សត្វ​កាល​ដឹង​ច្បាស់​ ដឹង​ទួទៅ​ ដឹង​វិសេស​ ដឹង​ជាក់​ ចាក់ធ្លុះ​នូវ​សច្ចៈ​ណា​ មិន​គប្បី​ធ្វើ​ជំលោះ​ មិន​គប្បី​ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ មិន​គប្បី​ធ្វើ​សេចក្តី​ប្រកាន់​ខុស​ មិន​គប្បី​ធ្វើ​វិវាទ​ មិន​គប្បី​ធ្វើការ​ប្រណាំងប្រជែង​ គឺ​គប្បី​លះ​បង់​ គប្បី​បន្ទោបង់​ គប្បី​ធ្វើឲ្យ​វិនាស​ គប្បី​ដល់​នូវ​ការ​មិនកើត​មានត​ទៅ​ នូវ​ជំលោះ​ សេចក្តី​ប្រកួត​ប្រកាន់​ សេចក្តី​ប្រកាន់​ខុស​ វិវាទ​ សេចក្តី​ប្រណាំងប្រជែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សត្វ​ដឹង​ច្បាស់​នូវ​សច្ចៈ​ណា​ មិន​គប្បី​ទាស់ទែងគ្នា​។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637351661326643648
ទៅកាន់ទំព័រ៖