ព្រះត្រៃបិដក ភាគ ៦៥
[២៣៣] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា សេចក្តីថា សមណព្រាហ្មណ៍ទាំងឡាយនោះ តែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា គឺតែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯងថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯងថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា។
[២៣៤] ពាក្យថា ព្រោះហេតុនោះ ទើបសមណៈទាំងឡាយមិនពោលពាក្យតែបែបមួយ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ គឺពោលផ្សេងៗ ពោលប្រការផ្សេង ៗ ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ មានប្រមាណច្រើន ហេតុនោះ (ទ្រង់ត្រាស់ថា)
ID: 637351661761856229
ទៅកាន់ទំព័រ៖