ព្រះត្រៃបិដក ភាគ ៦៥
            
        
        
            
            
                
                ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា អធិប្បាយ នូវសច្ចៈទាំងឡាយមានប្រមាណច្រើន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ពោលនូវសច្ចៈទាំងឡាយផ្សេងៗ គ្នា។
 [២៣៧] អធិប្បាយពាក្យថា ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែក ត្រង់ពាក្យថា ពោលជជែក គឺរមែងពោលជជែក ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ពោលជជែក។ មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយនូវទិដ្ឋិរបស់ខ្លួន ៗ គឺពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ពាក្យថា អ្នកប្រកាន់ថាឈ្លាសវៃ គឺជាអ្នកពោលថាឈ្លាសវៃ ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលថាមានញាណ ពោលត្រូវទំនង ពោលប្រកបដោយលក្ខណៈ ពោលប្រកបដោយហេតុ ពោលគួរដល់ឋានៈ តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែក។
            
            
         
        
            
                ID: 637351662695259725 
                
            
            
                ទៅកាន់ទំព័រ៖