ព្រះត្រៃបិដក ភាគ ៦៥

អធិប្បាយ​ថា មានតែ​មួយ គឺ​ទុក្ខនិរោធ​និព្វាន បាន​ដល់ កិរិយា​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ កិរិយា​កំចាត់​បង់​នូវ​ឧបធិ​ទាំងពួង កិរិយា​អស់​តណ្ហា កិរិយា​ប្រាសចាក​រាគៈ កិរិយា​រលត់ទុក្ខ​ ព្រះនិព្វាន។ មួយទៀត សច្ចៈ​មួយ លោក​ពោល​សំដៅយក​មគ្គ​សច្ចៈ និយ្យាន​សច្ចៈ ទុក្ខនិរោធ​គាមិនី​បដិបទា​ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ គឺ​សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ក្នុង​លោក វៀរលែងតែ​សេចក្តី​ប្រកាន់​ថា​ទៀង​ ដោយ​សញ្ញា។
 [២៤៣​] ពាក្យ​ថា​ មួយទៀត​ ជន​ទាំងឡាយ​ តែងតាំង​នូវ​សេចក្តី​ត្រិះរិះ​ ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ហើយ​ពោល​នូវ​ធម៌​ជាគូ​ ថា​ពិត​ ថា​កុហក​ សេចក្តី​ថា​ ជន​ទាំងឡាយ​ ត្រិះរិះ​ ត្រិះ​រិះ​ផ្សេង​ៗ ត្រិះរិះ​ព្រម នូវ​សេចក្តី​ត្រិះរិះ​ នូវ​សេចក្តី​ត្រិះរិះ​ផ្សេង​ ៗ នូវ​សេចក្តី​ត្រិះរិះ​ព្រម​ ហើយ​ញុំាង​ទិដ្ឋិ​ទាំងឡាយ​ឲ្យ​កើត​ ឲ្យ​កើត​ព្រម​ ឲ្យ​កើតឡើង​ ឲ្យ​កើត​ចំពោះ​ លុះ​ញុំាង​ទិដ្ឋិ​ទាំងឡាយ​ឲ្យ​កើត​ ឲ្យ​កើត​ព្រម​ ឲ្យ​កើតឡើង​ ឲ្យ​កើត​ចំពោះ​ហើយ​ ក៏​ពោល​យ៉ាងនេះ​ ថ្លែង​យ៉ាង​នេះ​ ពណ៌នា​យ៉ាងនេះ​ ពន្យល់​យ៉ាងនេះ​ អធិប្បាយ​យ៉ាងនេះ​ថា​ ពាក្យ​របស់ខ្ញុំ​ជា​ពាក្យពិត​ ពាក្យ​របស់​អ្នក​ ជា​ពាក្យ​កុហក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងឡាយ​តែងតាំង​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ហើយ​ពោល​នូវ​ធម៌​ជាគូ​ថា​ពិត​ ថា​កុហក​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637351664376416593
ទៅកាន់ទំព័រ៖