ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា មាគន្ទិយៈ គឺព្រះមានព្រះភាគត្រាស់ហៅនូវព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅដោយគោរព។បេ។ សេចក្តីបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) អំពីការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ហៅថា មាគនិ្ទយៈ។
[២៨] ពាក្យថា អ្នកដល់នូសេចក្តីភ័ន្តច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់ហើយ សេចក្តីថា ទិដ្ឋិណាដែលអ្នកប្រកាន់ បបោសអង្អែល ចូលចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ អ្នកជាបុគ្គលវង្វេង វង្វេងជ្រប់ វង្វេងស៊ប់ ជាអ្នកដល់នូវសេចក្តីវង្វេង ដល់នូវសេចក្តីវង្វេងជ្រប់ ដល់នូវសេចក្តីវង្វេងស៊ប់ ជាអ្នកស្លុងទៅកាន់សេចក្តីងងឹតងងល់ក្នុងទិដ្ឋិនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់នូវការភ័ន្តច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់ហើយ។
[២៩] ពាក្យថា អ្នកមិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួច អំពីធម៌នេះ សេចក្តីថា អ្នកមិនបានសញ្ញាដែលគួរហើយក្តី សញ្ញាដែលដល់ហើយក្តី សញ្ញាជាគ្រឿងចំណាំក្តី សញ្ញាជាហេតុក្តី សញ្ញាជាទីតាំងក្តី អំពីធម៌ដែលមានសេចក្តីស្ងប់ខាងក្នុងនេះក្តី អំពីសេចក្តីបដិបត្តិនេះក្តី អំពីធម្មទេសនានេះក្តី តើញាណ (នឹងមានមក) អំពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនបានឃើញសញ្ញាសូម្បីបន្តិចបន្ទួច អំពីធម៌នេះ ដោយប្រការយ៉ាងនេះឯង។
ID: 637350225708331246
ទៅកាន់ទំព័រ៖