ព្រះត្រៃបិដក ភាគ ៦៥

ហើយ​ញុំាង​ទិដ្ឋិ​ទាំងឡាយ​ ឲ្យ​កើត​ ឲ្យ​កើត​ព្រម​ ឲ្យ​បង្កើត​ ឲ្យ​បង្កើត​ចំពោះ​ ហេតុ​នោះ បាន​ជា​​ពួក​តិរ្ថិយ​ទាំងអស់​ មាន​ទិដ្ឋិ​មាន​សារៈ​ដ៏​ក្រៃលែង​។ ពាក្យ​ថា​ បុគ្គល​នោះ​សម្រេច​ គឺ​សម្រេច​បរិបូណ៌​ មិន​ខ្វះខាត​ដោយ​ទិដ្ឋិ​មាន​សារៈ​ដ៏​ក្រៃលែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​សម្រេច​ដោយ​ទិដ្ឋិ​មាន​សារៈ​ដ៏​ក្រៃលែង​។
 [២៥៥​] ពាក្យ​ថា​ ជា​អ្នក​ស្រវឹង​ដោយ​មានះ​ មាន​មានះ​បរិបូណ៌​ គឺ​ជា​អ្នក​ស្រវឹង​ ប្រមាទ​ ឆ្កួត​ ស្រវឹង​លើសលុប​ ដោយ​សេចក្តី​ប្រកាន់ទិដ្ឋិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ស្រវឹង​ដោយ​មានះ​។ ពាក្យ​ថា​ មាន​មានះ​បរិបូណ៌​ គឺ​មាន​មានះ​ពេញលេញ​ មាន​មានះ​សម្រេច​ មាន​មានះ​មិន​ខ្វះខាត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ស្រវឹង​ដោយ​មានះ​ មាន​មានះ​បរិបូណ៌​។
 [២៥៦​] ពាក្យ​ថា​ អភិសេក​ខ្លួន​ ដោយចិត្ត​ខ្លួនឯង​ គឺ​អភិសេក​ខ្លួន​ដោយចិត្ត​ខ្លួនឯង​ថា​ អាត្មាអញ​ ជា​បុគ្គល​ឈ្លាសវៃ​ ជា​បណ្ឌិត​មាន​បញ្ញា​ មាន​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ មាន​ញាណ​ មាន​ប្រាជ្ញា​ជា​គ្រឿង​បំភ្លឺ​ ជា​មេធាវី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អភិសេក​ខ្លួន​ ដោយចិត្ត​ខ្លួន​ឯង​។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637351667450567752
ទៅកាន់ទំព័រ៖