ព្រះត្រៃបិដក ភាគ ៦៥
[២៦៦] ពាក្យថា ព្រោះថាបុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន គឺ (បុគ្គលនោះ) ត្រេកអរ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះឯង ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។
[២៦៧] បុគ្គលទាំងឡាយ រមែងពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌នេះឯង ដូច្នេះ មិនពោលនូវសេចក្តីបរិសុទ្ធិក្នុងធម៌ទាំងឡាយឯទៀតទេ ពួកបុគ្គលអ្នកមានលទ្ធិដូចជាកំពង់ តាំងនៅស៊ប់ក្នុងទិដ្ឋិដ៏ច្រើនយ៉ាងនេះឯង ប្រកាន់មាំ ក្នុងសកាយនៈ (ផ្លូវរបស់ខ្លួន) នោះ។
ID: 637351669851818096
ទៅកាន់ទំព័រ៖