ព្រះត្រៃបិដក ភាគ ៦៥
មួយវិញទៀត អ្នកមិនបានសញ្ញាថា បញ្ចក្ខន្ធ មិនទៀង ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធ មិនទៀង សញ្ញាថា បញ្ចក្ខន្ធជាទុក្ខ ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធជាទុក្ខ សញ្ញាថា បញ្ចក្ខន្ធជាអនត្តា ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធ ជាអនត្តា កិច្ចត្រឹមតែកិរិយាញុំាងសញ្ញាឲ្យកើតឡើង ឬនិមិត្តក្នុងសញ្ញា តើញាណនឹងមានមកអំពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) មិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួចអំពីធម៌នេះ។
[៣០] ពាក្យថា ហេតុនោះ ទើបអ្នកយល់ថា ជាធម៌នាំសត្វឲ្យវង្វេងជ្រប់ ត្រង់ពាក្យថាហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបអ្នកយល់ឃើញ ក្រឡេកឃើញ រំពឹងឃើញ ពិចារណាឃើញថា ជាធម៌ញុំាងសត្វឲ្យវង្វេងជ្រប់ ថាជាធម៌ពាល ថាជាធម៌ភ័ន្តច្រឡំ ថាជាធម៌ប្រាសចាកញាណ ថាជាអមរាវិក្ខេបធម៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ហេតុនោះ ទើបអ្នកយល់ថា ជាធម៌ញុំាងសត្វឲ្យវង្វេងជ្រប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
អ្នកអាស្រ័យទិដ្ឋិទាំងឡាយ ហើយសួររឿយៗ ដល់នូវសេចក្តីភ័ន្តច្រឡំក្នុងទិដ្ឋិទាំងឡាយដែលប្រកាន់យកហើយ មិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួចអំពីធម៌នេះ ហេតុនោះ ទើបអ្នកយល់ថា ជាធម៌នាំឲ្យវង្វេងជ្រប់។
ID: 637350226570319190
ទៅកាន់ទំព័រ៖