ព្រះត្រៃបិដក ភាគ ៦៥
គឺ ពោលហើយយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា សាស្តានោះមិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសាស្តាសំដែងល្អទេ គណៈមិនមែនប្រតិបត្តិត្រូវទេ ទិដ្ឋិមិនចំរើនទេ បដិបទា មិនមែនសាស្តាបញ្ញត្តល្អទេ មគ្គមិនមែនជាផ្លូវស្រោចស្រង់សត្វទេ ការស្អាតក្តី ការស្អាតវិសេសក្តី ការស្អាតដោយជុំវិញក្តី ការរួចក្តី ការរួចស្រឡះក្តី ការរួចដោយជុំវិញក្តី មិនមានក្នុងលទ្ធិនេះទេ ជនទាំងឡាយ ស្អាតក្តី ស្អាតវិសេសក្តី ស្អាតដោយជុំវិញក្តី រួចក្តី រួចវិសេសក្តី រួចដោយជុំវិញក្តី ក្នុងលទ្ធិនេះ មិនមានទេ ពួកជននេះ ជាអ្នកថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌ទាំងឡាយឯទៀតទេ។
[២៧០] ពាក្យថា ពួកបុគ្គលអ្នកមានលទិ្ធដូចជាកំពង់ តាំងស៊ប់ក្នុងទិដ្ឋិដ៏ច្រើន យ៉ាងនេះឯង អធិប្បាយថា ទិដ្ឋិ លោកហៅថា កំពង់។ ពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ លោកហៅថា អ្នកមានលទ្ធិដូចជាកំពង់។ (ពួកបុគ្គលនោះ) តាំងនៅស៊ប់ តាំងនៅមាំ ជាប់ ដល់ស៊ប់ ជក់ចិត្ត ចុះចិត្តស៊ប់ ក្នុងទិដ្ឋិដ៏ក្រាស់ទាំងឡាយ ព្រោះទិដ្ឋិដ៏ក្រាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកបុគ្គលអ្នកមានលទ្ធិដូចជាកំពង់ តាំងនៅស៊ប់ ក្នុងទិដ្ឋិដ៏ច្រើន យ៉ាងនេះឯង។
ID: 637351670717868591
ទៅកាន់ទំព័រ៖