ព្រះត្រៃបិដក ភាគ ៦៥
មានវាទដ៏មានកំឡាំង មានវាទៈខ្ជាប់ខ្ជួន ក្នុងសកាយនៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ។
[២៧៤] ពាក្យថា តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាល ក្នុងសកាយនៈនុ៎ះ ត្រង់ពាក្យថានុ៎ះ គឺតែងយល់អ្នកណា ឃើញអ្នកណា មើលអ្នកណា ក្រឡេកឃើញអ្នកណា សំឡឹងឃើញអ្នកណា រំពឹងឃើញអ្នកណាដទៃ ថាជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន តាមទិដ្ឋិរបស់ខ្លួន តាមសេចក្តីគួររបស់ខ្លួន តាមសេចក្តីគាប់ចិត្តរបស់ខ្លួន តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាលក្នុងសកាយនៈនុ៎ះ។
[២៧៥] ពាក្យថា បុគ្គលនោះ កាលពោលនូវបុគ្គលដទៃ ថាជាបុគ្គលពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង សេចក្តីថា បុគ្គលកាលពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា បុគ្គលនេះអាប់ឱន ពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ កំទេចកំទី មានធម៌មិនស្អាត មានធម៌មិនស្អាតស្អំ
ID: 637351671862862269
ទៅកាន់ទំព័រ៖