ព្រះត្រៃបិដក ភាគ ៦៥

 [២៧៧​] ពាក្យ​ថា​ ជន​តាំងនៅ​ក្នុង​វិនិច្ឆ័យ​ ប្រមាណ​យក​ដោយ​ខ្លួនឯង​ហើយ​ សេចក្តី​ថា​ ទិដ្ឋិ​ ៦២​ លោក​ហៅថា​ វិនិច្ឆ័យ​ ជន​តាំងនៅ​ តាំងនៅ​ស៊ប់​ ប្រកាន់​ បបោសអង្អែល​ អាស្រ័យ​ក្នុង​ទិដ្ឋិ​ដែល​ខ្លួន​សម្រេច​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​តាំងនៅ​ក្នុង​វិនិច្ឆ័យ​។ ពាក្យ​ថា​ ប្រមាណ​យក​ដោយខ្លួនឯង​ហើយ​ គឺ​ប្រមាណ​យក​ ស្មាន​យក​ ដោយខ្លួនឯង​ គឺ​ប្រមាណ​យក​ ស្មាន​យក​ដោយខ្លួនឯង​ថា​ សាស្តា​នេះ​ ជា​សព្វញ្ញូ​ ប្រមាណ​យក​ ស្មាន​យក​ ដោយខ្លួន​ឯង​ថា​ ធម៌​នេះ​ ដែល​សាស្តា​សំដែង​ល្អ​ហើយ​ ​ពួក​នេះ​ប្រតិបត្តិ​ត្រូវ​ ទិដ្ឋិ​នេះ​ចំរើន​ បដិបទា​នេះ​ សាស្តា​បញ្ញត្ត​ល្អ​ហើយ​ មគ្គ​នេះ​ ជាទី​ស្រោចស្រង់​សត្វ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​តាំងនៅ​ក្នុង​វិនិច្ឆ័យ​ ប្រមាណ​យក​ដោយខ្លួនឯង​ហើយ​។
 [២៧៨​] ពាក្យ​ថា​ ជន​នោះ​ រមែង​ដល់​នូវ​ការទាស់ទែង​ ក្នុង​លោក​តទៅ​ សេចក្តី​ថា​ អនាគត​ លោក​ហៅថា​ តទៅ​។ ជន​តាំង​ទុក​នូវ​វាទៈ​របស់​ខ្លួន​តទៅ​ ហើយ​ដល់​ ចូល​ដល់​ ចូល​ទៅ​ជិត​ កាន់​យក​ បបោសអង្អែល​ អាស្រ័យ​នូវ​ជម្លោះ​ នូវ​ការប្រកួត​ប្រកាន់​ នូវ​ការ​ប្រកាន់​ខុស​ នូវ​ការទាស់ទែង​ នូវ​ការ​ប្រណាំងប្រជែង​ ដោយខ្លួនឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​នោះ​ រមែង​ដល់​នូវ​ការទាស់ទែង​ក្នុង​លោក​តទៅ​ យ៉ាងនេះ​ខ្លះ​។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637351672660465879
ទៅកាន់ទំព័រ៖