ព្រះត្រៃបិដក ភាគ ៦៥

មួយទៀត​ (បុគ្គល​នោះ​) តែង​ធ្វើ​ជម្លោះ​ ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើ​សេចក្តី​ប្រកាន់​ខុស​ ធ្វើការ​ទាស់ទែង​ ធ្វើ​ការ​ប្រណាំងប្រជែង​ជាមួយនឹង​វាទៈ​នៃជ​នដ​ទៃ​តទៅ​ថា​ អ្នក​មិន​ចេះ​ធម្មវិន័យ​នេះ​ទេ​។បេ។ ឬបើ​អ្នក​អាច​ ចូរ​អ្នក​ដោះស្រាយ​ចុះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​នោះ​រមែង​ដល់​នូវ​ការ​ទាស់ទែង​ក្នុង​លោក​តទៅ​ យ៉ាងនេះ​ខ្លះ​។
 [២៧៩​] ពាក្យ​ថា​ ជន​លះបង់​នូវ​វិនិច្ឆ័យ​ទាំងពួង​ សេចក្តី​ថា​ ទិដ្ឋិ​ ៦២​ លោក​ហៅថា​ វិនិច្ឆ័យ​។ ជន​លះបង់​ លះលែង​ លះ​ចោល​ កំចាត់​បង់​ កំចាត់​បង់​ស្រឡះ​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​មាន​បែបភាព​តទៅទៀត​ នូវ​ទិដ្ឋិ​ដែល​ខ្លួន​វិនិច្ឆ័យ​ទាំងអស់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​លះបង់​នូវ​វិនិច្ឆ័យ​ទាំងពួង​។
 [២៨០​] ពាក្យ​ថា​ ជន​រមែង​មិន​ធ្វើ​ជម្លោះ​ក្នុង​លោក​ សេចក្តី​ថា​ រមែង​មិន​ធ្វើ​ជម្លោះ​ មិន​ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ មិន​ធ្វើ​សេចក្តី​ប្រកាន់​ខុស​ មិន​ធ្វើ​សេចក្តី​ទាស់ទែង​ មិន​ធ្វើ​នូវ​សេចក្តី​ប្រណាំងប្រជែង​។ សម​ដូច​ព្រះតម្រាស់​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​អគ្គិ​វេស្ស​នៈ​ ភិក្ខុ​ដែល​មានចិត្ត​ផុត​ស្រឡះ​យ៉ាងនេះ​ហើយ​ រមែង​មិន​ពោល​ប្រកាន់​ជាមួយ​បុគ្គល​ណាមួយ​ មិន​ជជែក​ជាមួយ​បុគ្គល​ណាមួយ​ និយាយ​តែ​ពាក្យ​ណា​ដែលគេ​និយាយ​ក្នុង​លោក​នោះ​ តែ​មិន​ប្រកាន់​។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637351673082552177
ទៅកាន់ទំព័រ៖