ព្រះត្រៃបិដក ភាគ ៦៥
មហាវិយូហសុត្តនិទ្ទេស ទី១៣
[២៨១] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បានពាក្យសរសើរក្នុងហេតុនោះដែរ។
[២៨២] អធិប្បាយពាក្យថា ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ ពាក្យថា ណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងមូល មិនសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយ នេះជាពាក្យអស់រលីង។ ពាក្យថា ត្រាំនៅក្នុងទិដ្ឋិ សេចក្តីថា មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយហើយ នៅ នៅរួម នៅទួទៅ នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ពួកជនអ្នកគ្រប់គ្រងផ្ទះក្តី រមែងនៅក្នុងផ្ទះ ពួកភិក្ខុអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ ពួកជនមានកិលេសក្តី តែងនៅក្នុងកិលេស យ៉ាងណាមិញ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកលុះក្នុងទិដ្ឋិ ក៏យ៉ាងនោះដែរ សមណព្រាហ្មណ៍ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល
ID: 637351674119562490
ទៅកាន់ទំព័រ៖