ព្រះត្រៃបិដក ភាគ ៦៥
[២៨៥] ពាក្យថា ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ សេចក្តីថា ឬក៏បាន បានចំពោះ បានប្រាកដ តែងបាននូវពាក្យសរសើរ ពាក្យស្ងើច កិតិ្តសព្ទ ពាក្យនាំមកនូវសេចក្តីសរសើរ ក្នុងហេតុនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទិ្ធរបស់ខ្លួននោះដែរ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ។ ហេតុនោះ ព្រះពុទ្ធនិមិ្មត ត្រាស់សួរថា
ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ។
[២៨៦] (ព្រះមានព្រះភាគត្រាស់ថា) ផល គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីស្ងប់រម្ងាប់បានទេ តថាគត ពោលនូវផលនៃវិវាទ ថាមាន ២ ប្រការ បុគ្គលកាលឃើញទោសនេះ ហើយឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត រមែងមិនទាស់ទែងទេ។
ID: 637351674949983800
ទៅកាន់ទំព័រ៖