ព្រះត្រៃបិដក ភាគ ៦៥
[៣១] បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ យ៉ាង ការប្រកាន់ថាស្មើ ថាប្រសើរ (ឬថាថោកទាប) នៃបុគ្គលនោះ មិនមានឡើយ។
[៣២] ពាក្យថា បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ អធិប្បាយថា បុគ្គលណា សំគាល់ថា អាត្មាអញប្រហែលនឹងគេក្តី ថាអាត្មាអញប្រសើរក្តី ថាអាត្មាអញថោកទាបក្តី បុគ្គលនោះ គប្បីធ្វើជម្លោះ គប្បីធ្វើការទាស់ទែង គប្បីធ្វើការប្រកាន់ខុស គប្បីធ្វើវិវាទ គប្បីធ្វើការប្រកួតប្រកាន់ ព្រោះមានះនោះ ព្រោះទិដ្ឋិនោះ ឬព្រោះបុគ្គលនោះថា អ្នកមិនចេះធម្មវិន័យនេះទេ ខ្ញុំចេះដឹងធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកជាបុគ្គលប្រតិបត្តិខុស ខ្ញុំប្រតិបត្តិត្រូវ ពាក្យរបស់ខ្ញុំទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកមិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកនិយាយមុន ពាក្យដែលអ្នកសន្សំមកយូរហើយ ត្រូវយើងឲ្យវិលត្រឡប់ហើយ វាទៈរបស់អ្នក យើងលើកចោលហើយ អ្នកត្រូវយើងសង្កត់សង្កិនបានហើយ
ID: 637350227185555247
ទៅកាន់ទំព័រ៖