ព្រះត្រៃបិដក ភាគ ៦៥

និន្ទា និង​សរសើរ សុខ និង​ទុក្ខ សោមនស្ស និង​ទោមនស្ស អារម្មណ៍​ជាទី​ប្រាថ្នា​ និង​មិនជា​ទី​ប្រាថ្នា សេចក្តី​អាណិត និង​ការ​ថ្នាំងថ្នាក់ ធូរចិត្ត និង​តឹងចិត្ត ការ​ត្រេកអរ​ និង​ក្រេវក្រោធ ម្យ៉ាងទៀត អំពើនោះ ជា​អំពើ​ប្រព្រឹត្តទៅ​ដើម្បី​នរក ប្រព្រឹត្តទៅ​ដើម្បី​កំណើត​សត្វតិរច្ឆាន​ ប្រព្រឹត្តទៅ​ដើម្បី​ប្រេតវិស័យ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត​ពោល​នូវ​ផល​នៃ​វិវាទ​ថា​មាន ២ ប្រការ។
 [២៨៩​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​កាល​ឃើញ​ទោស​នេះ​ហើយ​ រមែង​មិន​ទាស់ទែង​ទេ​ ត្រង់​ពាក្យ​ថា​ ឃើញ​ទោស​នេះ​ គឺ​ឃើញ​ ជួប​ ថ្លឹង​ ពិចារណា​ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដ​ នូវ​ទោស​ក្នុង​ជម្លោះ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការ​ប្រកាន់​ព្រោះ​ទិដ្ឋិ​ ក្នុង​ការទាស់ទែង​ព្រោះ​ទិដ្ឋិ​ ក្នុង​ការវិវាទ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការ​បែកខ្ញែក​ព្រោះ​ទិដ្ឋិ​នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​នូវ​ទោស​នេះ​។ ពាក្យ​ថា​ រមែង​មិន​ទាស់ទែង​ទេ​ គឺ​រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ មិន​ធ្វើ​នូវ​ការ​ប្រកាន់​ មិន​ធ្វើ​នូវ​ការទាស់ទែង​ មិន​ធ្វើ​នូវ​ការវិវាទ​ មិន​ធ្វើ​នូវ​ការ​បែកខ្ញែក​ គឺ​លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ដល់​នូវ​ការ​មិនកើត​មាន​នូវ​ជម្លោះ​ នូវ​ការ​ប្រកាន់​ នូវ​ការទាស់ទែង​ នូវ​វិវាទ​ និ​ងការ​បែកខ្ញែក​ ជា​អ្នក​ឆ្ងាយ​ វៀរបង់​ ជៀសវាង​ ឃ្លាត​ចេញ​ រលាស់​ចេញ​ រួច​ស្រឡះ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637351675749463094
ទៅកាន់ទំព័រ៖