ព្រះត្រៃបិដក ភាគ ៦៥
ប្រាសចេញ ចាកជម្លោះ ចាកការប្រកាន់ ចាកការទាស់ទែង ចាកវិវាទ និងការបែកខ្ញែក តែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលកាលឃើញទោសនេះហើយ រមែងមិនទាស់ទែងទេ។
[២៩០] ពាក្យថា ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត អធិប្បាយថា អមតនិព្វាន ហៅថា ភូមិមិនមានវិវាទ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន។ បុគ្គលកាលឃើញ ប្រទះ រមិលមើល សំឡឹងមើល ពិនិត្យមើល នូវភូមិមិនមានវិវាទនុ៎ះ ថាជាទីក្សេមក្សាន្ត ជាទីពំនាក់ ជាទីជ្រកកោន ជាទីរឭក ជាទីមិនមានភ័យ ជាទីទៀងទាត់ ជាទីមិនស្លាប់ ជាទីមិនមានកិលេសជាគ្រឿងចាក់ស្រេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញច្បាស់នូវព្រះនិព្វានជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ផល គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីរម្ងាប់បានទេ តថាគតពោលនូវផលនៃវិវាទថាមាន ២ ប្រការ បុគ្គលកាលឃើញទោសនេះហើយ ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត រមែងមិនទាស់ទែងទេ។
ID: 637351676181550766
ទៅកាន់ទំព័រ៖