ព្រះត្រៃបិដក ភាគ ៦៥
[២៩៦] សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់ស្អិតនូវវត្ត បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួមថា យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង (សមណព្រាហ្មណ៍ទាំងនោះ) ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ រមែងជាអ្នកចូលទៅរកភព។
[២៩៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថាសីលឧត្តម បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួម សេចក្តីថា មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកពោលថា សីលឧត្តម សមណព្រាហ្មណ៍ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹងតែការមិនប្រព្រឹត្តកន្លង។ (តួយ៉ាងដូច) សមណមុណ្ឌិកាបុត្ត បានពោលយ៉ាងនេះថា ម្នាលជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គលដែលប្រកបដោយធម៌ ៤ ថាជាអ្នកមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់មិនបាន ចុះធម៌ ៤ តើដូចម្តេច ម្នាលជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើបាបកម្មដោយកាយ ១ មិនពោលពាក្យអាក្រក់ ១ មិនត្រិះរិះនូវតម្រិះអាក្រក់ ១ មិនចិញ្ចឹមជីវិតអាក្រក់ ១
ID: 637351677966314397
ទៅកាន់ទំព័រ៖