ព្រះត្រៃបិដក ភាគ ៦៥
ម្នាលជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ នេះឯងថា ជាអ្នកមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់មិនបាន។ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកពោលថា សីលឧត្តម សមណព្រាហ្មណ៍ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រកាន់ថា សីលឧត្តម បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួម។
[២៩៨] ពាក្យថា ប្រកាន់ស្អិតនូវវត្ត ត្រង់ពាក្យថា វត្ត គឺកាន់យក សមាទាន អើពើ ទទួល ស្ទាបអង្អែល ប្រកាន់ស្អិត ហើយតាំងមាំ ដំកល់ស៊ប់ ជាប់ស្អិត ចូលទៅរក ចុះចិត្តស៊ប់ ឱនទៅរក នូវវត្តដំរី វត្តសេះ វត្តគោ វត្តពពែ វត្តឆ្កែ វត្តក្អែក វត្តវាសុទេព វត្តបុណ្ណភទ្ទ វត្តមណិភទ្ទ វត្តភ្លើង វត្តនាគ វត្តគ្រុឌ វត្តយក្ស វត្តអសុរ វត្តគន្ធព្វ វត្តមហារាជ វត្តព្រះច័ន្រ្ទ វត្តព្រះអាទិត្យ វត្តព្រះឥន្រ្ទ វត្តព្រះព្រហ្ម វត្តទេវតា វត្តទិស ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកាន់ស្អិតនូវវត្ត។
ID: 637351678401683686
ទៅកាន់ទំព័រ៖