ព្រះត្រៃបិដក ភាគ ៦៥
អ្នកចូរត្រាច់ទៅ ដើម្បីដោះវាទៈចុះ ឬបើអ្នកអាច អ្នកចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ។
[៣៣] ពាក្យថា បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ យ៉ាង ការប្រកាន់ថា ស្មើ ថាប្រសើរ (ឬថាថោកទាប) មិនមានដល់បុគ្គលនោះ សេចក្តីថា មានះទាំងឡាយបីយ៉ាងនុ៎ះ បុគ្គលណា លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ កំចាត់បង់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ រមែងមិនញាប់ញ័រ មិនរំជួលក្នុងមានះទាំង ៣ កាលបើបុគ្គលមិនញាប់ញ័រហើយ (រមែងមិនមានសេចក្តីប្រកាន់ថា) អាត្មាអញជាបុគ្គលស្មើនឹងគេដូច្នេះផង ជាបុគ្គលប្រសើរជាងគេដូច្នេះផង ជាបុគ្គលថោកទាបជាងគេដូច្នេះផង។ ពាក្យថា មិនមានដល់បុគ្គលនោះ សេចក្តីថា មិនមានដល់តថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនញាប់ញ័រក្នុងមានះ ៣ យ៉ាង (ការប្រកាន់ថា) ស្មើ ថាប្រសើរ រមែងមិនមានដល់បុគ្គលនោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ ការប្រកាន់ថាស្មើ ថាប្រសើរ (ឬថាថោកទាប) មិនមានដល់បុគ្គលនោះឡើយ។
ID: 637350227869238277
ទៅកាន់ទំព័រ៖