ព្រះត្រៃបិដក ភាគ ៦៥
[៣០៣] អធិប្បាយពាក្យថា បុគ្គលនោះរមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម ត្រង់ពាក្យថា បុគ្គលនោះរមែងញាប់ញ័រ គឺបុគ្គលនោះរមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា សីលក្តី វត្តក្តី សីល និងវត្តក្តី អាត្មាអញខុសហើយ អាត្មាអញប្រាសចេញហើយ អាត្មាអញ ភ្លាំងភ្លាត់ហើយ អាត្មាអញឃ្លៀងឃ្លាតហើយ អាត្មាអញប្រាសចាកអរហត្តផលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរមែងញាប់ញ័រ។ ពាក្យថា ព្រោះភ្លាត់ចាកកម្ម គឺបុគ្គលនោះ រមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា បុញ្ញភិសង្ខារក្តី អបុញ្ញាភិសង្ខារក្តី អានេញ្ជាភិសង្ខារក្តី អាត្មាអញខុសហើយ អាត្មាអញប្រាសចេញហើយ អាត្មាអញភ្លាំងភា្លត់ហើយ អាត្មាអញឃ្លៀងឃ្លាតហើយ អាត្មាអញប្រាសចាកអរហត្តផលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម។
[៣០៤] ពាក្យថា បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ត្រង់ពាក្យថា បុគ្គលនោះ ចង់បាន គឺចង់បានសីល ចង់បានវត្ត ចង់បាន ចង់បានខ្លាំង ចង់បានណាស់ នូវសីល និងវត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរមែងចង់បាន។ ពាក្យថា ប្រាថ្នាផងនូវសេចក្តីបរិសុទ្ធិ គឺប្រាថ្នានូវសេចក្តីបរិសុទ្ធិនៃសីល
ID: 637351693922146395
ទៅកាន់ទំព័រ៖