ព្រះត្រៃបិដក ភាគ ៦៥
ប្រាថ្នានូវសេចក្តីបរិសុទ្ធិនៃវត្ត ប្រាថ្នា ស្រឡាញ់ ចង់បានណាស់ នូវសេចក្តីបរិសុទ្ធិនៃសីល និងវត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ។
[៣០៥] ពាក្យថា (ដូច) បុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក សេចក្តីថា បុរសចេញអំពីផ្ទះ នៅជាមួយនឹងពួក ឃ្លាតពួកហើយ រមែងទៅតាមពួកនោះ ឬត្រឡប់មកកាន់ផ្ទះខ្លួនវិញ យ៉ាងណា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ រមែងប្រកាន់សាស្តានោះ ឬប្រកាន់សាស្តាដទៃ ប្រកាន់ធម៌ដែលសាស្តាពោលហើយនោះ ឬប្រកាន់ធម៌ដទៃដែលសាស្តាពោលហើយ ប្រកាន់គណៈនោះ ឬប្រកាន់គណៈដទៃ ប្រកាន់ទិដ្ឋិនោះ ឬប្រកាន់ទិដ្ឋិដទៃ ប្រកាន់បដិបទានោះ ឬប្រកាន់បដិបទាដទៃ ប្រកាន់មគ្គនោះ ឬប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវមគ្គដទៃ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) (ដូច) បុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះឯង រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម បុគ្គលនោះ រមែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។
ID: 637351694393457898
ទៅកាន់ទំព័រ៖