ព្រះត្រៃបិដក ភាគ ៦៥
[៣០៦] បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ផង នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង មិនប្រាថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិផង គប្បីប្រព្រឹត្តវៀរ មិនប្រកាន់នូវសេចក្តីស្ងប់។
[៣០៧] ពាក្យថា បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ គឺបុគ្គលលះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃសីលទាំងអស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃវត្តទាំងអស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃសីល និងវត្តទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលលះបង់នូវសីល និងវត្តទាំងអស់។
[៣០៨] ពាក្យថា នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង សេចក្តីថា អំពើខ្មៅឲ្យផលខ្មៅ លោកហៅថា កម្មមានទោស។ អំពើសឲ្យផលស លោកហៅថា កម្មមិនមានទោស។ (បុគ្គល) លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវកម្មមានទោសផង កម្មមិនមានទោសផង ហេតុនោះ (ទ្រង់ត្រាស់ថា) នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង។
ID: 637351694815857201
ទៅកាន់ទំព័រ៖