ព្រះត្រៃបិដក ភាគ ៦៥
ឈ្មោះថាកន្លងផុតសេចក្តីចំរើន និងសេចក្តីសាបសូន្យ។ ព្រះអរហន្តនោះ មានអរិយវាសនៅរួចហើយ មានការប្រព្រឹត្តិសន្សំហើយ។បេ។ ភពថ្មីនៃព្រះអរហន្តនោះ មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រាថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិ។
[៣១០] អធិប្បាយពាក្យថា គប្បីប្រព្រឹត្តវៀរ មិនប្រកាន់សេចក្តីស្ងប់ ត្រង់ពាក្យថា វៀរ គឺ វៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រកប ប្រាសចាកសេចក្តីបរិសុទ្ធិ និងមិនបរិសុទ្ធិ រមែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) វៀរ ពាក្យថា គប្បីប្រព្រឹត្ត គឺគប្បីត្រាច់ទៅ គប្បីត្រាច់ទៅផ្សេង ៗ គប្បីញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ គប្បីញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើត គប្បីរក្សាឥរិយាបថ គប្បីបំពេញឥរិយាបថ គប្បីបង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្តវៀរ។ ពាក្យថា មិនប្រកាន់សេចក្តីស្ងប់ សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា សេចក្តីស្ងប់។ បុគ្គលមិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវសេចក្តីស្ងប់គឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្តវៀរ មិនប្រកាន់សេចក្តីស្ងប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351695702066115
ទៅកាន់ទំព័រ៖