ព្រះត្រៃបិដក ភាគ ៦៥
ហេតុនោះ (ទ្រង់ត្រាស់ថា) នូវអារម្មណ៍ដែលខ្លួនឃើញហើយ ឮ ឬប៉ះពាល់ហើយ។
[៣១៤] ពាក្យថា ជាឧទ្ធំសរាវាទ រមែងពោលសេចក្តីបរិសុទ្ធិ គឺមានសមណព្រាហ្មណ៍ពួកមួយ ជាឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍ជាឧទ្ធំសរាវាទ តើដូចម្តេច។ សមណព្រាហ្មណ៍ណា ជាពួក ប្រកាន់អច្ចន្តសុទ្ធិ ប្រកាន់សង្សារសុទ្ធិ ជាអកិរិយទិដ្ឋិ ជាសស្សតវាទ សមណព្រាហ្មណ៍ទាំងនេះ ឈ្មោះថា ឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ រួចវិសេស រួចស្រឡះ ព្រោះសង្សារ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាឧទ្ធំសរាវាទ រមែងពោលសេចក្តីបរិសុទ្ធិ។
[៣១៥] ពាក្យថា មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូចភពធំទាំងឡាយ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូចភពធំទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាភពតូចភពធំ គឺថា ក្នុងកាមភពឈ្មោះកម្មភព ក្នុងកាមភពឈ្មោះបុនព្ភព ក្នុងរូបភពឈ្មោះកម្មភព ក្នុងរូបភពឈ្មោះបុនព្ភព ក្នុងអរូបភពឈ្មោះកម្មភព ក្នុងអរូបភពឈ្មោះបុនព្ភព ក្នុងការកើតរឿយៗ ក្នុងការទៅរឿយៗ ក្នុងឧបបត្តិរឿយៗ
ID: 637351696743139487
ទៅកាន់ទំព័រ៖