ព្រះត្រៃបិដក ភាគ ៦៥

អកុសលមូល​។ ពាក្យ​ថា​ កាល​ប្រាថ្នា​ គឺ​កាល​ត្រូវការ​ កាល​ចង់បាន​ កាល​ត្រេកអរ​ កាល​ស្រឡាញ់​ កាល​ជាប់ចិត្ត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាល​ប្រាថ្នា​។ ពាក្យ​ថា​ ការ​ជាប់ចិត្ត​ទាំងឡាយ​ សេចក្តី​ថា​ តណ្ហា​ លោក​ហៅថា​ ការ​ជាប់ចិត្ត​ បាន​ដល់​ តម្រេក​ តម្រេក​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ជាប់ចិត្ត​ទាំងឡាយ​ នៃ​បុគ្គល​កាល​ប្រាថ្នា​។
 [៣១៨​] ពាក្យ​ថា​ ការ​ញាប់ញ័រ​ក្នុង​ធម៌​ទាំងឡាយ​ ដែល​ខ្លួន​កំណត់ទុក​ហើយ​ក្តី​ ពាក្យ​ថា​ ការកំណត់​ បាន​ដល់​ ការកំណត់​ ២ ការកំណត់​គឺ​តណ្ហា​ ១ ការកំណត់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ ការកំណត់​គឺ​តណ្ហា​។បេ។ នេះ​ការកំណត់​គឺ​ទិដ្ឋិ​។ ជន​ទាំងឡាយ​ មាន​សេចក្តី​រង្កៀស​ក្នុង​ការ​ដណ្តើម​យក​នូវ​វត្ថុ​ រមែង​ញាប់ញ័រ​ ក៏​មាន​ កាល​វត្ថុ​ដែលគេ​កំពុង​ដណ្តើម​ រមែង​ញាប់ញ័រ​ ក៏​មាន​ កាល​វត្ថុ​ត្រូវ​គេ​ដណ្តើម​ហើយ​ រមែង​ញាប់ញ័រ​ ក៏​មាន​ ជន​ទាំងឡាយ​មាន​សេចក្តី​រង្កៀស​ក្នុង​ការប្រែប្រួល​នៃ​វត្ថុ​ រមែង​ញាប់ញ័រ​ ក៏​មាន​ កាល​វត្ថុ​កំពុង​ប្រែប្រួល​ រមែង​ញាប់ញ័រ​ ក៏​មាន កាល​វត្ថុ​ប្រែប្រួល​ហើយ រមែង​ញាប់ញ័រ ញាប់ញ័រ​ខ្លាំង​ ញាប់ញ័រ​ចំប្រប់​ ក៏​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ញាប់ញ័រ​ក្នុង​ធម៌​ទាំងឡាយ​ ដែល​ខ្លួន​កំណត់​ហើយ​ក្តី​។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637351697581686892
ទៅកាន់ទំព័រ៖