ព្រះត្រៃបិដក ភាគ ៦៥
[៣៤] ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តីយល់) នេះ ត្រូវពិតដូចម្តេចបាន ឬក៏ព្រាហ្មណ៍នោះ គប្បីពោលទទឹងទាស់ថា (ពាក្យរបស់អ្នក) ជាពាក្យកុហក ដោយប្រការដូចម្តេចបាន សេចក្តីសំគាល់ថាស្មើ ឬមិនស្មើ មិនមានក្នុងព្រះខីណាស្រពអង្គណា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយវាទៈ ដោយប្រការដូចម្តេចបាន។
[៣៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ គប្បីពោលថា សេចក្តីយល់នេះ ត្រូវពិតដូចម្តេចបាន ត្រង់ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧។បេ។ ជាបុគ្គលមិនអាស្រ័យ ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ (គប្បីពោលថា) សេចក្តីយល់នេះត្រូវពិត។ ពាក្យថា គប្បីពោលដូចម្តេចបាន សេចក្តីថា ព្រាហ្មណ៍ គប្បីពោលដូចម្តេច គប្បីថ្លែងដូចម្តេច គប្បីពណ៌នាដូចម្តេច គប្បីបំភ្លឺដូចម្តេច គប្បីពន្យល់ដូចម្តេចថា លោកទៀង ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ។ គប្បីពោលដូចម្តេច គប្បីថ្លែងដូចម្តេច គប្បីពណ៌នាដូចម្តេច គប្បីបំភ្លឺដូចម្តេច គប្បីពន្យល់ដូចម្តេចថា លោកមិនទៀង។បេ។
ID: 637350228609178525
ទៅកាន់ទំព័រ៖