ព្រះត្រៃបិដក ភាគ ៦៥
[៣១៩] ពាក្យថា ការច្យុតិ និងការកើតនៃបុគ្គលណាមិនមាន ក្នុងលោកនេះ ត្រង់ពាក្យថា នៃបុគ្គលណា សេចក្តីថា ការមក ការទៅ ការទៅ និងការមក មរណកាល ដំណើរ ភពតូចភពធំ ការច្យុតិ ការឧបបត្តិ ការកើត និងការបែកធ្លាយ ជាតិ ជរា មរណៈ នៃព្រះអរហន្តខីណាស្រព មិនមាន គ្មាន ឥតមានសោះ មិនកើតមាន គឺលោកលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការច្យុតិ និងការកើតនៃបុគ្គលណា មិនមាន ក្នុងលោកនេះ។
[៣២០] ពាក្យថា បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បីជាប់ចិត្តក្នុងហេតុដូចម្តេចកើត អធិប្បាយថា បុគ្គលនោះ គប្បីញាប់ញ័រដោយរាគៈដូចម្តេច គប្បីញាប់ញ័រដោយទោសៈដូចម្តេច គប្បីញាប់ញ័រដោយមោហៈដូចម្តេច គប្បីញាប់ញ័រដោយមានះដូចម្តេច គប្បីញាប់ញ័រដោយទិដ្ឋិដូចម្តេច គប្បីញាប់ញ័រដោយឧទ្ធច្ចៈដូចម្តេច គប្បីញាប់ញ័រដោយវិចិកិច្ឆាដូចម្តេច គប្បីញាប់ញ័រដោយអនុស័យដូចម្តេចកើត ថាបុគ្គលនោះ ជាអ្នកត្រេកអរក្តី ថាជាអ្នកប្រទូស្តក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវសេចក្តីមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកំឡាំងក្តី។
ID: 637351698023775790
ទៅកាន់ទំព័រ៖