ព្រះត្រៃបិដក ភាគ ៦៥
ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់ មិនមានបុគ្គលណាមួយវិសេស ក្នុងធម៌ទាំងឡាយទេ ព្រោះថា បុគ្គលច្រើននាក់ ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន តែងពោលធម៌របស់ជនដទៃថាថោកទាប។
[៣៣៦] ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយទាំងឡាយ តែងសរសើរផ្លូវទាំងឡាយរបស់ខ្លួន បើវាទៈទាំងអស់គប្បីជាវាទៈពិត ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ មានប្រាកដ។
[៣៣៧] អធិប្បាយពាក្យថា ការបូជាធម៌របស់ខ្លួន ជាការមានពិត សំនួរថា ចុះការបូជាធម៌របស់ខ្លួន តើដូចម្តេច។ បុគ្គលធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា នូវសាស្តារបស់ខ្លួនថា សាស្តានេះជាសព្វញ្ញូ នេះឈ្មោះថាការបូជាធម៌របស់ខ្លួន។ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា នូវធម៌របស់ខ្លួនដែលសាស្តានោះពោលហើយ នូវគណៈរបស់ខ្លួន នូវទិដ្ឋិរបស់ខ្លួន នូវបដិបទារបស់ខ្លួន នូវមគ្គរបស់ខ្លួនថា មគ្គនេះជាទីស្រោចស្រង់ នេះឈ្មោះថា ការបូជាធម៌របស់ខ្លួន។ ពាក្យថា ការបូជាធម៌របស់ខ្លួន ជាការមានពិត បានសេចក្តីថា ការបូជាធម៌របស់ខ្លួន ដោយប្រការដូច្នោះ ជាការបូជាមិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ការបូជាធម៌របស់ខ្លួន ជាការមានពិត។
ID: 637351701577989106
ទៅកាន់ទំព័រ៖