ព្រះត្រៃបិដក ភាគ ៦៥

ព្រាហ្មណ៍​មិន​មាន​ញាណ​ ដែល​បុគ្គល​ដទៃ​គប្បី​ណែនាំ​ ទាំង​មិន​មានការ​ពិចារណា​ ក្នុង​ធម៌​ទាំងឡាយ​ ហើយ​កាន់​យក​ព្រម​ទេ​ ព្រោះ​ដំណើរ​នោះ​ (ព្រាហ្មណ៍​នោះ​) កន្លង​ផុត​នូវ​វិវាទ​ទាំងឡាយ​ មិនឃើញ​ធម៌​ដទៃ​ថា​ប្រសើរ​សោះ​។
[៣៤៦​] សមណព្រាហ្មណ៍​ពួក​មួយ​ យល់​នូវ​សេច​ក្តី​បរិ​សុទ្ធិ ព្រោះ​ការ​ឃើញថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ​នូវ​ដំណើរ​នេះ​ ពិត​ដូច្នោះ​មែន បើស​មណ​ព្រាហ្មណ៍​ម្នាក់ ឃើញ​ (នូវ​សេចក្តី​ពិត​) ប្រយោជន៍អ្វី ដោយ​ការ​ឃើញ​នោះ របស់​សមណព្រាហ្មណ៍​ម្នាក់​នោះ សមណព្រាហ្មណ៍​ទាំងឡាយ​ កន្លង​ចោល​នូវ​សេចក្តី​បរិសុទ្ធិ រមែង​ពោល​ដោយហេតុ​ដទៃ។

 [៣៤៧​] អធិប្បាយ​ពាក្យ​ថា​ អាត្មាអញ​ដឹង​ អាត្មាអញ​ឃើញ​នូវ​ដំណើរ​នេះ ពិត​ដូច្នោះ​មែន ត្រង់​ពាក្យ​ថា អាត្មាអញ​ដឹង គឺ​អាត្មាអញ​ដឹង​ដោយ​បរ​ចិត្ត​ញ្ញាណ​ ឬដឹង​ដោយ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ។ ពាក្យ​ថា អាត្មាអញ​ឃើញ គឺ​អាត្មាអញ​ឃើញ​ដោយ​មំសចក្ខុ​ ឬឃើញ​ដោយ​ទិព្វចក្ខុ។ ពាក្យ​ថា ដំណើរ​នេះ ពិត​ដូច្នោះ​មែន គឺ​ដំណើរ​នេះ​ពិត មិន​ឃ្លៀងឃ្លាត​ ប្រាកដ ពិតប្រាកដ មិន​ប្រែប្រួល ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អាត្មាអញ​ដឹង អាត្មាអញ​ឃើញ​នូវ​ដំណើរ​នេះ ពិត​ដូច្នោះ​មែន។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637351800405571919
ទៅកាន់ទំព័រ៖