ព្រះត្រៃបិដក ភាគ ៦៥
[៣៤៨] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិដោយការឃើញ សេចក្តីថា សមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញ។ គឺថាសមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ សមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិដោយការឃើញ។
[៣៤៩] អធិប្បាយពាក្យថា បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វី ដោយការឃើញនោះ របស់សមណពា្រហ្មណ៍ម្នាក់នោះ ត្រង់ពាក្យថា បើសមណព្រាហ្មណ៍ម្នាក់ឃើញ គឺឃើញដោយបរចិត្តញាណ ឬឃើញដោយបុព្វេនិវាសានុស្សតិញ្ញាណ ឃើញដោយមំសចក្ខុ ឬឃើញដោយទិព្វចក្ខុ ហេតុនោះ (ទ្រង់ត្រាស់ថា) បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត)។
ID: 637351800800936359
ទៅកាន់ទំព័រ៖