ព្រះត្រៃបិដក ភាគ ៦៥

នរជន កាល​ឃើញ តែងឃើញ​នាមរូប លុះ​ឃើញ​ហើយ រមែង​ដឹង​នូវ​នាមរូប​នោះ​ឯង​ បុគ្គល​ឃើញ​កាម​ច្រើន​ក៏​មាន ឃើញ​នាមរូប​តិច​ក៏​មាន ចំណែក​ជន​អ្នក​ឈ្លាស​ទាំងឡាយ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ដោយ​ការ​ឃើញ​នោះ​ទេ។
[៣៥៦​] បុគ្គល​ណា​ជា​អ្នកមាន​វាទៈ​តាំងនៅ​មាំ​ ដែលគេ​មិន​អាច​ទូន្មាន​បាន​ងាយ​ អ្នកធ្វើ​ទិដ្ឋិ​ដែល​តែងតាំង​ហើយ​ឲ្យ​ជា​ប្រធាន​ បុគ្គល​នោះ អាស្រ័យ​សភាវៈ​ណា​ ជា​អ្នកពោល​ថា​ល្អ​ ពោល​ថា​បរិសុទ្ធិ​ក្នុង​សភាវៈ​នោះ​ ឃើញថា​ពិត​ក្នុង​សភាវៈ​នោះ​។

 [៣៥៧​] ពាក្យ​ថា​ បុគ្គល​ណា​ជា​អ្នកមាន​វាទៈ​តាំងនៅ​មាំ​ ដែលគេ​មិន​អាច​ទូន្មាន​បាន​ងាយ​ គឺជា​អ្នកមាន​វាទៈ​តាំងនៅ​មាំ​ថា លោក​ទៀង​ ពាក្យ​នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​។ ជា​អ្នកមាន​វា​ទៈ​តាំ​នៅ​មាំ​ថា​ លោក​មិន​ទៀង​។បេ។ សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​។ ពាក្យ​ថា​ ដែលគេ​មិន​អាច​ទូន្មាន​បាន​ងាយ​ គឺ​បុគ្គល​អ្នកមាន​វាទៈ​តាំងនៅ​មាំ​ គេ​ទូន្មាន​បាន​ដោយ​ក្រ​ ឲ្យដឹង​បាន​ដោយ​ក្រ​ ឲ្យ​យល់​បាន​ដោយ​ក្រ​ ឲ្យ​ឃើញ​បាន​ដោយ​ក្រ​ ឲ្យ​ជ្រះថ្លា​បាន​ដោយ​ក្រ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ណា​ ជា​អ្នកមាន​វាទៈ​តាំងនៅ​មាំ​ ដែលគេ​មិន​អាច​ទូន្មាន​បាន​ងាយ​។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637351802964656276
ទៅកាន់ទំព័រ៖