ព្រះត្រៃបិដក ភាគ ៦៥

។បេ។ ពិចារណា​ហើយ​ ដឹង​ហើយ​ ថ្លឹង​ហើយ​ ត្រិះរិះ​ហើយ​ ធ្វើឲ្យ​ច្បាស់​ហើយ​ ធ្វើឲ្យ​ប្រាកដហើយ​ថា​ របស់​ណាមួយ​ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ របស់​ទាំងអស់​នោះ​ មាន​សេចក្តី​រលត់​ទៅវិញ​ជា​ធម្មតា​ រមែង​មិនដល់​ មិន​ចូល​ទៅ​ជិត​ មិន​ប្រកាន់​ មិន​ស្ទាប​អង្អែល មិន​ប្រកាន់​ស្អិត​ នូវ​ការកំណត់​គឺ​តណ្ហា​ក្តី​ នូវ​ការកំណត់​គឺ​ទិដ្ឋិ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​ពិចារណា​ហើយ​ រមែង​មិនដល់​នូវ​ការកំណត់​។
 [៣៦៣​] ពាក្យ​ថា​ មិន​លុះ​ក្នុង​ទិដ្ឋិ​ ទាំង​មិន​មានផៅ​ពង្ស​ដោយ​ញាណ​ សេចក្តី​ថា ទិដ្ឋិ​ ៦២​ បុគ្គល​នោះ​ បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ ទិដ្ឋិ​ឲ្យ​ទៅ​មិនបាន​ នាំទៅ​មិនបាន​ បន្សាត់​ទៅ​មិនបាន​ កួច​យក​ទៅ​មិនបាន​ មិន​មក​ មិន​ត្រឡប់​មក​កាន់​ទិដ្ឋិ​នោះ​ថា​ មាន​ខ្លឹម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​លុះ​ក្នុង​ទិដ្ឋិ​។ ពាក្យ​ថា​ ទាំង​មិន​មានផៅ​ពង្ស​ដោយ​ញាណ​ គឺ​មិន​ធ្វើ​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​បង្កើត​ មិន​បង្កើត​ចំពោះ​នូវ​ផៅពង្ស​គឺ​តណ្ហា​ក្តី​ នូវ​ផៅ​ពង្ស​គឺ​ទិដ្ឋិ​ក្តី​ ដោយ​សមាបត្តិ​ញ្ញាណ​ ៨ ក្តី​ ដោយ​អភិញ្ញា​ញាណ​ ៥ ក្តី​ ដោយ​មិច្ឆា​ញាណ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​លុះ​ក្នុង​ទិដ្ឋិ​ ទាំង​មិន​មានផៅ​ពង្ស​ដោយ​ញាណ​។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637351804685192867
ទៅកាន់ទំព័រ៖