ព្រះត្រៃបិដក ភាគ ៦៥
ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រងើយកន្តើយនឹងទិដ្ឋិដែលជនទាំងឡាយដទៃកំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ ព្រោះព្រាហ្មណ៍នោះដឹងសម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន លោកព្រងើយកន្តើយនឹងទិដ្ឋិ ដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៦៦] មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ កាលវិវាទទាំងឡាយកើតឡើងហើយ លោកជាអ្នកមិនលុះក្នុងពួក កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយ ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៦៧] អធិប្បាយពាក្យថា មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ ត្រង់ពាក្យថា គន្ថៈ បានដល់ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ហៅថា អភិជ្ឈាកាយគន្ថៈ។
ID: 637351805619221459
ទៅកាន់ទំព័រ៖