ព្រះត្រៃបិដក ភាគ ៦៥
ការគុំគួន ការអាក់អន់ក្នុងវាទៈរបស់បុគ្គលដទៃ ហៅថា ព្យាបាទកាយគន្ថៈ។ បុគ្គលស្ទាបអង្អែលសីល ឬវត្ត ឬក៏សីលវត្តរបស់ខ្លួន ហៅថា សីលព្វតបរាមាសកាយគន្ថៈ។ សេចក្តីយល់ឃើញរបស់ខ្លួន ហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ ពាក្យថា លះបង់ គឺបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ។ ឬថា ស្រាយ ឬត្រដោះចេញនូវគន្ថៈទាំងឡាយ ដែលចាក់ស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ពាក់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់។ ជនទាំងឡាយរុះរើ ធ្វើឲ្យខ្ទេចខ្ទី នូវវក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ មុនិបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ ឬថាស្រាយ ឬត្រដោះចេញនូវគន្ថៈទាំងឡាយ ដែលចាកស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ជាប់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់ យ៉ាងនោះដែរ។ ពាក្យថា មុនិ សេចក្តីថា ញាណ បញ្ញា ការដឹងច្បាស់ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវសំណាញ់ គឺកិលេសជាគ្រឿងចំពាក់។ ពាក្យថា ក្នុងលោកនេះ គឺក្នុងទិដ្ឋិនេះ។បេ។ ក្នុងមនុស្សលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ។
ID: 637351805975049136
ទៅកាន់ទំព័រ៖