ព្រះត្រៃបិដក ភាគ ៦៥
[៣៦៨] ពាក្យថា កាលវិវាទទាំងឡាយ (កើតហើយ) លោកជាអ្នកមិនលុះក្នុងពួក គឺកាលវិវាទទាំងឡាយកើតព្រមហើយ លេចឡើង លេចឡើងចំពោះ កើតប្រាកដ កាលដល់នូវឆន្ទាគតិ ដល់នូវទោសាគតិ ដល់នូវមោហាគតិ ដល់នូវភយាគតិ លោកក៏មិនដល់នូវឆន្ទាគតិ មិនដល់នូវទោសាគតិ មិនដល់នូវមោហាគតិ មិនដល់នូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺមិនត្រូវធម៌ជាពួក ឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយកទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលវិវាទទាំងឡាយ (កើតហើយ) លោកជាអ្នកមិនលុះក្នុងពួក។
[៣៦៩] អធិប្បាយពាក្យថា កាលបើពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយកន្តើយ ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់ទោសៈ ជាអ្នកស្ងប់ ព្រោះស្ងប់មោហៈ។បេ។ ជាអ្នកស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលត់ ស្ងប់រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលាយ រលត់ ទៅប្រាស ស្ងប់រម្ងាប់ នូវអកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ ។
ID: 637351806367600313
ទៅកាន់ទំព័រ៖