ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា កាលពួកជនមិនស្ងប់ គឺកាលពួកជនមិនស្ងប់ មិនរម្ងាប់ មិនស្ងប់ស្ងៀម មិនរលត់ មិនស្ងប់រម្ងាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់។ ពាក្យថា លោកជាអ្នកព្រងើយកន្តើយ សេចក្តីថា ព្រះអរហន្តប្រកបដោយឆឡង្គុបេក្ខា ឃើញរូបដោយភ្នែក ជាអ្នកមានចិត្តមិនរីករាយ មានចិត្តមិនអាក់អន់ នៅព្រងើយ មានសតិសម្បជញ្ញៈ។ ឮសំឡេងដោយត្រចៀក។បេ។ ជាអ្នកអប់រំ ទូន្មានខ្លួនល្អ រង់ចាំតែមរណកាល ហេតុនោះ (ទ្រង់ត្រាស់ថា) កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយកន្តើយ។
[៣៧០] ពាក្យថា ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់ គឺជនដទៃរមែងប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ព្រះអរហន្តតែងព្រងើយ មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនប្រកាន់ នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351806763432809
ទៅកាន់ទំព័រ៖