ព្រះត្រៃបិដក ភាគ ៦៥

ថា​ពលៈ​ ៥ អញ​មិនបាន​ចំរើន​ ថា​ពោជ្ឈង្គ​ ៧ អញ​មិនបាន​ចំរើន​ ថា​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ អញ​មិនបាន​ចំរើន​ ថា​ទុក្ខ​ អញ​មិនបាន​កំណត់​ដឹង​ ថា​ទុក្ខ​សមុទ័យ​ អញ​មិនបាន​លះបង់​ ថាម​គ្គ​ អញ​មិនបាន​ចំរើន​ ថា​និរោធ​ អញ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​។ តិះដៀល​ខ្លួនឯង​ ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ និង​មិន​ធ្វើ​ហើយ​ យ៉ាងនេះ​ឯង​។ មិន​ធ្វើ​ មិន​ឲ្យ​កើត​ព្រម​ មិន​ឲ្យ​លេចឡើង​ មិន​ឲ្យ​លេចឡើង​ចំពោះ​ នូវ​អំពើ​ដែល​គួរ​តិះ​ដៀល​ខ្លួន​យ៉ាងនេះ​ ឈ្មោះថា​ ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​មិន​តិះដៀល​ខ្លួន​ រមែង​មិន​ប្រឡាក់​ក្នុង​លោក​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
អ្នកប្រាជ្ញ​នោះ​ លះបង់​អាសវៈ​ខាងដើម​ មិន​ធ្វើ​អាសវៈ​ថ្មី​ មិនដល់​នូវ​ឆន្ទាគតិ​ ជា​អ្នក​មិន​មាន​វាទៈ​តាំង​មាំ​ រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ​ ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ មិន​ប្រឡាក់​ក្នុង​លោក​។
[៣៧៦​] (ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ ធ្វើ​សេនា​ណាមួយ​ ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ហើយ​ ឲ្យ​វិនាស​ក្នុង​ធម៌​ទាំងពួង​ បុគ្គល​នោះ មានភារៈ​ដាក់ចុះ​ហើយ​ ជាមុ​និ​ រួច​ស្រឡះ​ហើយ​ ជា​អ្នក​មិន​មានការ​កំណត់​ មិន​ត្រេកអរ មិន​មាន​សេចក្តី​ប្រាថ្នា​។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637351808779165026
ទៅកាន់ទំព័រ៖