ព្រះត្រៃបិដក ភាគ ៦៥
ម្នាលមារ នុ៎ះជាសេនារបស់អ្នក ដែលនាំមកនូវធម៌ខ្មៅ បុគ្គលមិនក្លៀវក្លា មិនឈ្នះនូវសេនានោះទេ បុគ្គល លុះឈ្នះនូវសេនានោះ ទើបបានសុខ។
មារសេនាទាំងអស់ផង កិលេសជាទីទំនាស់ទាំងអស់ផង ដែលបុគ្គលផ្ចាញ់ហើយ ទាំងធ្វើឲ្យចាញ់ហើយ បំបាត់បង់ រំលត់រំលាយ ក្នុងទីកំបាំងមុខ ដោយអរិយមគ្គ ៤ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ លោកហៅថា អ្នកធ្វើសេនាឲ្យវិនាស។ បុគ្គលនោះ ជាអ្នកធ្វើសេនាឲ្យវិនាស ក្នុងធម៌ដែលខ្លួនឃើញ ជាអ្នកធ្វើសេនាឲ្យវិនាសក្នុងធម៌ដែលខ្លួនឮ ដែលប៉ះពាល់ ដែលដឹងច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកធ្វើសេនាណាមួយទាំងពួង ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង។
[៣៧៨] អធិប្បាយពាក្យថា បុគ្គលនោះ មានភារៈដាក់ចុះហើយ ជាមុនិ រួចស្រឡះហើយ ត្រង់ពាក្យថា ភារៈ បានដល់ភារៈ ៣ គឺខន្ធភារៈ ១ កិលេសភារៈ ១ អភិសង្ខារភារៈ ១។ ខន្ធភារៈ តើដូចម្តេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ អំពីបដិសន្ធិ នេះ ខន្ធភារៈ។ កិលេសភារៈ តើដូចម្តេច។ រាគៈ ទោសៈ មោហៈ។បេ។
ID: 637351809727569555
ទៅកាន់ទំព័រ៖