ព្រះត្រៃបិដក ភាគ ៦៥

 មនោ​មោនេយ្យៈ​ តើ​ដូចម្តេច​។ ការ​លះបង់​មនោ​ទុច្ចរិត​ ៣ ប្រការ​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ មនោសុចរិត​ ៣ ប្រការ​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ ញាណ​មានចិត្តជា​អារម្មណ៍​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ ការកំណត់​ដឹង​ដោយចិត្ត​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ ការ​លះ​ឆន្ទ​រាគ​ក្នុងចិត្ត​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ សញ្ញា​វេទយិត​និរោធ​សមាបត្តិ ជា​គ្រឿងរ​លត់​ចិត្តសង្ខារ​ ឈ្មោះថា​ មនោ​មោនេយ្យៈ​។ នេះ​ មនោ​មោនេយ្យៈ​។
បណ្ឌិត​ទាំងឡាយ​ ពោល​នូវ​អ្នកប្រាជ្ញ​ផ្លូវកាយ​ អ្នកប្រាជ្ញ​ផ្លូវ​វាចា​ អ្នកប្រាជ្ញ​ផ្លូវចិត្ត​ អ្នកប្រាជ្ញ​មិន​មាន​អាសវៈ​ ដែល​បរិបូណ៌​ដោយ​មោនេយ្យ​ធម៌​ ថា​ជា​អ្នក​លះបង់​នូវ​បាប​ទាំងពួង​។ បណ្ឌិត​ទាំងឡាយ​ ពោល​នូវ​អ្នកប្រាជ្ញ​ផ្លូវកាយ​ អ្នកប្រាជ្ញ​ផ្លូវ​វាចា​ អ្នកប្រាជ្ញ​ផ្លូវចិត្ត​ អ្នកប្រាជ្ញ​មិន​មាន​អាសវៈ​ ដែល​បរិបូណ៌​ដោយ​មោនេយ្យ​ធម៌​ ថា​ជា​អ្នក​លាងបាប​។

 មុនិ​ ប្រកបដោយ​មោនេយ្យ​ធម៌​ទាំងនេះ​ មាន​ ៦ ​ពួក​ គឺ​ អាគារ​មុនិ​ អនាគារ​មុនិ​ សេក្ខ​មុនិ​ អសេក្ខ​មុនិ​ បច្ចេក​មុនិ​ មុនិ​មុនិ​។ ​ពួក​អាគារ​មុនិ​ តើ​ដូចម្តេច​។ ​ពួក​គ្រហស្ថ​ណា​ បានឃើញ​នូវ​បទ​ គឺ​ព្រះនិព្វាន​ បានដឹង​ច្បាស់​នូវ​សាសនា​ ​ពួក​នេះ​ ឈ្មោះ​អាគារ​មុនិ​។
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637351810937102741
ទៅកាន់ទំព័រ៖